អ្នកនាង ខាន់សោភ័ណ្ឌ បាននិយាយមុនដំណើរចេញទៅប្រកួតនៅប្រទេសថៃថា គាត់មានជំនឿចិត្តយ៉ាងមុតមាំចំពោះប្តីរបស់ខ្លួន។ បទពិសោធន៍ រួមនឹងស្នៀតកែងដ៏មុតស្រួច ហើយស្ថិតិប្រកួតមិនធ្លាប់សន្លប់កន្លងមកជាកត្តាធ្វើឲ្យគាត់ ទុកចិត្តលើសេន ប៊ុនថេន ដែលត្រូវទប់ទល់នឹង Antoine Pinto ចុងសប្តាហ៍នេះ។
ចុចអាន៖ សេន ប៊ុនថេន សម្ងំហ្វឹកហាត់យ៉ាងអាថ៌បាំងដើម្បីត្រៀមទៅ Thai Fight ចុងសប្តាហ៍នេះ
ភរិយាដ៏ស្រស់ស្អាតរូប នេះបាននិយាយថា៖ «អត់បញ្ហាទេសម្រាប់ប្ដីខ្ញុំក្នុងការចេញទៅប្រកួតនៅ Thai Fight នេះ។ គាត់និងខ្ញុំដឹងថា Pinto ខ្លាំង ហើយកីឡាករខ្មែរដែលធ្លាប់ចេញទៅប្រកួត Thai Fight មុនៗសុទ្ធតែសន្លប់ តែប្ដីខ្ញុំគាត់វៃតាមធម្មតា ដោយមិនកំរោល អីចឹងខ្ញុំគិតថាគាត់អាចស៊ូរួចចប់ចុងចប់ដើម»។
អ្នកនាង ខាន់សោភ័ណ្ឌបន្តលើកឡើងថា ប្ដីរបស់គាត់ប្រហែលជាមិនបានហ្វឹកហាត់នោះទេរយៈពេលជាងមួយសប្តាហ៍នេះ ពីព្រោះជាប់រវល់ទៅស្រុកកំណើត និងចូលរួមពិធីសែនក្បាលទឹក។
សម្រាប់ លោក អេ ភូថងក៏ជឿជាក់សេន ប៊ុនថេនដែលអាចនឹងធ្វើបានល្អ។ អតីតអ្នកប្រដាល់រូបនេះបាននិយាយថា ៖ «សេន ប៊ុនថេន នឹងធ្វើបានល្អ អ៊ើ…ថ្វីត្បិតតែ Pinto គេខ្លាំង តែផ្លែគេអត់មុតដូចយើងទេ អីចឹងខ្ញុំរំពឹងថា ប៊ុនថេន នឹងអាចធ្វើបានល្អ»។
និយាយពីស្នៀតប្រយុទ្ធវិញ Pinto ប្រើក្បាច់ចម្រុះបានយ៉ាងល្អក្នុងនោះ កែង កណ្តាប់ដៃ និងឡើងជង្គង់គឺប្រើបានល្អទាំងអស់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការទាត់ផ្កាប់ចាន និងជើងក្រោមបានយ៉ាងល្អឥតខ្ចោះដែលដៃគូងាយស្រុតចុះកម្លាំងដោយ សាររន្ទះជើងរបស់គេបូករួមទាំងកម្លាំងស៊ុហ្វពេញផង។
ចំណែក សេន ប៊ុនថេនប្រើស្នៀតសម្លាប់ដៃគូបានល្អតែម្យ៉ាងគត់គឺទម្ងន់ជើង ប៉ុន្តែខ្សោយកែង កណ្តាប់ដៃ និងជង្គង់។ ជារឿយៗកីឡាករកម្ពុជារូបនេះធ្លាក់កម្លាំងនៅចុងទឹកទី៤ និងទី៥ ប៉ុន្តែការប្រកួតលើកនេះមិនជាបញ្ហាទេ ពីព្រោះប្រកួតត្រឹមតែ៣ទឹក។
បច្ចុប្បន្ន Antoine Pinto ជាតារាដ៏ប្រជាប្រិយប្រចាំកម្មវិធី Thai Fight ទាំងការប្រកួត និងរូបសង្ហាដែលចេញមុខតែជាមួយកីឡាករបរទេស។
កីឡាកររូបនេះធ្លាប់ជួបកីឡាករថៃល្បីដែរដូចជាថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១១ ចាញ់ពិន្ទុ Yodsanklai ដែលធ្លាប់ផ្តួលកីឡាករខ្មែរ កែវ រំចង់ ក្នុងទឹកទី២ ហើយក៏ធ្លាប់ចាញ់ពិន្ទុកីឡាករ Iquezang ដែលផ្តួល វង្ស ណយ និងកីឡាករថៃល្បីទៀត។ ប៉ុន្តែចាប់តាំងពីក្លាយជាតារាប្រចាំកម្មវិធី Thai Fight មករូបគេលែងប្រកួតនឹងកីឡាករថៃហើយ។
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ Pinto ធ្លាប់ប្រកួតបាន១៤៨ដង ឈ្នះជាង១០០ដង ប៉ុន្តែក៏ចាញ់ច្រើនដែរ។ យោងតាមទំព័រ wikipedia បានបង្ហាញពីចំនួនប្រកួតផ្លូវការចំនួន៨៣ដងក្នុងនោះចាញ់២៦ដង ហើយធ្លាប់គ្រងខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនគ្រឿងចាប់តាំងពីឆ្នាំ២០០៥ដល់២០១៤នេះ។
ការ ជួបគ្នារវាងជើងខ្លាំងកម្ពុជា សេន ប៊ុនថេន និងអ្នកលេងឆ្លងទ្វីប Antoine Pinto នឹងប្រព្រឹត្តទៅនៅសង្វៀនកីឡដ្ឋាន Gymnasium Stadium ក្នុងខេត្ត Nakhon Sawan វេលាម៉ោង៦:៣០នាទី នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤តទៅ ហើយនឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ៣របស់ថៃ៕