ម្ចាស់ជើងឯក UEFA Champions League
រដូវកាលមុន Real Madrid និងម្ចាស់ជើងឯក UEFA Europa League
រដូវកាលមុន Sevilla នឹងតតាំងគ្នានៅកីឡដ្ឋាន Cardiff City Stadium
វេលាម៉ោង១:៤៥រំលងអាធ្រាត្រនេះដើម្បីដណ្ដើមពានរង្វាន់ UEFA
Super Cup ឆ្នាំ២០១៤។
ព័ត៌មានជើងកីឡាករ
គេ
រំពឹងថាលោក Carlo Ancelotti នឹងដាក់ Gareth Bale, Cristiano Ronaldo
និង James Rodriguez
ក្នុងជម្រើស១១នាក់ដំបូងទាំងអស់គ្នាសម្រាប់ការប្រកួតយប់នេះ
ដើម្បីជែងយកពាន UEFA Super Cup ដែល Real Madrid
ខកខានតាំងពីឆ្នាំ២០០២មក។ ខ្សែបម្រើ Luka Modric, Toni Kroos
អ្នកចាំទី Keylor Navas និងខ្សែប្រយុទ្ធ Karim Benzema
ក៏ត្រូវគេរំពឹងថាមានឈ្មោះក្នុងជម្រើសដំបូងដែរ ខណៈ Xabi Alonso
ជាប់បម្រាម។
Sevilla
នឹងដាក់ខ្សែបម្រើប្រយុទ្ធវ័យក្មេង Denis Suarez
ដែលពួកគេខ្ចីពី Barcelona ក្នុងជម្រើសដំបូង។ ទន្ទឹមនេះ
ខ្សែប្រយុទ្ធ Iago Aspas ដែលខ្ចីមកពី Liverpool និង Grzegorz
Krychowiak ក៏ប្រហែលជាមានឱកាសបង្ហាញសមត្ថភាពនៅរាត្រីនេះដែរ។
កីឡាករក្រុម Real Madrid
សម្ដីអ្នកចាត់ការ
លោក
Carlo Ancelotti ៖ “រដូវកាលមុនពួកគេ(Sevilla)ធ្វើបានយ៉ាងល្អ។
ពួកគេឈ្នះ Europa League
តាមរយៈកីឡាករមួយក្រុមដែលធ្វើការជាក្រុមបានល្អ
ហើយសមនឹងឈ្នះជើងឯកនេះ។ ឆ្នាំនេះ Sevilla មានការប្រែប្រួលបន្តិច។
បច្ចុប្បន្ននេះគេមិនទាន់ដឹងថាសមត្ថភាពរបស់ Sevilla
យ៉ាងម៉េចនោះទេពីព្រោះពួកគេលក់ចេញកីឡាករសំខាន់ៗមួយចំនួន
តែក៏បាននាំចូលសមាជិកថ្មីមួយចំនួនដែរ។ ចាំមើលមើល៍
មានអ្វីកើតឡើង”។
Unai Emery ៖
“តើពួកយើងអាចក្លាយជាបេក្ខភាពសង្ឃឹមឈ្នះពានយ៉ាងម៉េចកើតបើប៉ះ
Real Madrid អីចឹង? ពួកគេ(Real
Madrid)មិនមានពេលវេលាច្រើនសម្រាប់ហ្វឹកហាត់ទេ
ដូច្នេះពួកគេនឹងលេងមិនដល់កម្រិតកំពូលរបស់ពួកគេឡើយ។
ប៉ុន្តែវាមិនមែនមានន័យថាពួកគេលែងជាបេក្ខភាពរំពឹងឈ្នះពាននោះ
ទេ។ តែទោះជាយ៉ាងណា
ពួកយើងមានសមត្ថភាពដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យមួយនិង
មានលទ្ធភាពឈ្នះ”។
ក្រុម Sevilla
រឿងខ្លះៗដែលគួរដឹង
១១
ឆ្នាំចុងក្រោយ អ្នកឈ្នះពាន UEFA Super Cup
គឺឆ្លាស់គ្នាម្ដងម្នាក់រវាងម្ចាស់ជើងឯក Champions League
និងម្ចាស់ជើងឯក Europa League។ ឆ្នាំទៅ Bayern Munich (ជើងឯក UCL
រដូវកាល២០១២-១៣) ជាអ្នកគ្រងពាននេះ ដូច្នេះយប់នេះ Sevilla
ត្រូវការឈ្នះដើម្បីរក្សាទម្លាប់នៃការឆ្លាស់គ្នាលើកពាននេះ។
នេះ
ជាលើកទី១ចាប់តាំងពីឆ្នាំ២០០៦មក ដែលបេក្ខភាពដណ្ដើមពាន Super
Cup សុទ្ធតែជាក្រុមមកពីអេស្ប៉ាញទាំងអស់។ កាលពី៨ឆ្នាំមុន
Sevilla ផ្ដួល Barcelona ៣-០ ក្នុងពានរង្វាន់នេះ។
ពេល
ប៉ះគ្នាក្នុងក្របខ័ណ្ឌ La Liga ១៣ប្រកួតចុងក្រោយ
ក្រុមទាំងពីរបង្កើតគ្រាប់បាល់បញ្ចូលទី៦៤គ្រាប់
មានន័យថាគិតជាមធ្យមក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាសរុបជិត៥
គ្រាប់ក្នុងមួយប្រកួត។
ក្នុងចំណោម
ក្រុមទាំងអស់នៅ La Liga ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Real
Madrid ស៊ុតទម្លុះសំណាញ់ទីក្រុម Sevilla ញឹកញាប់ជាងគេ
ដោយស៊ុតចូល១៦គ្រាប់មកហើយ។