លោក Tony Pulis
បានលាលែងពីតំណែងអ្នកចាត់ការក្លិប Crystal Palace
យ៉ាងទាន់ហន់កាលពីថ្ងៃព្រហស្បតិ៍
ក្រោមការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តទាំងសងខាង។
ការសម្រេចចិត្តភ្លាមៗនេះធ្វើឱ្យកីឡាករក្រុម Crystal
ភ្ញាក់ផ្អើលសឹងតែត្រៀមចិត្តមិនទាន់
ពីព្រោះក្រុមកំពុងតែរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើដំណើរទៅបើកឆាក
ក្របខ័ណ្ឌ Premier League នៅទឹកដីក្រុម Arsenal យប់នេះ
ស្រាប់តែអ្នកចាត់ការប្រកាសឈប់យ៉ាងមិននឹកស្មានដល់។
ទាំង
ក្លិប Crystal និងលោក Pulis
មិនទាន់បញ្ជាក់ពីមូលហេតុនៃការចុះចេញនេះនៅឡើយទេ
ប៉ុន្តែមានការលើកឡើងថាគឺដោយសារតែអតីតអ្នកចាត់ការក្រុម Stoke
City
វ័យ៥៦ឆ្នាំរូបនេះអន់ចិត្តនឹងក្លិបដែលបរាជ័យក្នុងការជំរុញ
ឱ្យកិច្ចព្រមព្រៀងមួយចំនួនលេចរូបរាងឡើងដើម្បីផ្ទេរកីឡាករផ្សេង
ៗក្នុងរ៉ាដារបស់លោកមកពង្រឹងក្រុម។ Crystal បញ្ជាក់ថាលោក Keith
Millen
នឹងទទួលបន្ទុកដឹកនាំក្រុមបណ្ដោះអាសន្នពេលប្រកួតទល់នឹងក្រុម
កាំភ្លើងធំយប់នេះ។
លោក Pulis
ចូលមកកាន់តំណែងជាអ្នកចាត់ការក្រុម Crystal
កាលពីខែវិច្ឆិកាឆ្នាំ២០១៣ក្រោមកិច្ចសន្យា២ឆ្នាំកន្លះក្នុងពេល
ដែលក្រុមនេះកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន។
វត្តមានរបស់អ្នកចាត់ការដែលនិយមប្រើយុទ្ធសាស្ត្របាល់វែងរូបនេះ
ជួយ Crystal
ឱ្យបញ្ចប់រដូវកាល២០១៣-១៤ក្នុងចំណាត់ថ្នាក់ទី១១នៃក្របខ័ណ្ឌ
Premier League ហើយត្រូវបានជ្រើសរើសជា Premier League Manager of
the Season ២០១៣-១៤៕