កម្ពុជា​​ ធ្លាក់​ចំណាត់​ថ្នាក់​​ដល់លេខ ​២០១ ក្នុង​​តារាង FIFA នៅ​ខែ​សីហា នេះ

ចំណាត់​ថ្នាក់​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ ​​របស់​ប្រទេស​នីមួយៗ​ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​ចេញ​ជា​ផ្លូវការ​ហើយ​សម្រាប់​ខែ​សីហា​ ​នៅ​ថ្ងៃ​​ទី ១៤ សីហា ឆ្នាំ ២០១៤ នេះ​​ ស្រប​ពេល​ដែល​ក្រុម​កម្ពុជា ​បន្ត​ធ្លាក់​ចុះ​ដល់​លេខ​២០១ ​ដែល​ជា​ចំណាត់​ថ្នាក់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។


ចំណាត់​ប្រទេស​ប្រចាំ​តំបន់អាស៊ាន
ក្នុង ​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កម្ពុជា​ស្ថិត​នៅ​ក្រោម​គេ​បំផុត​ ហើយ​ខែ​នេះ​ធ្លាក់​ចុះ​១​លេខ​ទៀត​ ខណៈ​ដែល​ខែ​មុន​លេខ​២០០។ ចំណែក​ប្រទេស​ប៊្រុយណេ​ និង​ទីម័រខាងកើត​ ឈរ​លេខ​១៩៣​ដូចគ្នា និង ​ធ្លាក់​ចុះ​១​លេខ​ដូចគ្នា។ ក្រុម​ឡាវ ​លេខ​ធ្លាក់​ចុះ​ពីរ​លេខ​ដល់​១៧២​ រីឯ​មីយ៉ាន់ម៉ា​ ឈរ​១៦០​ដដែល​ ស្រប​ពេល​ដែល​​ប្រទេស​ថៃ ​នៅ​ទ្រឹង​​លេខ ១៥៧។ ងាក​ទៅ​ក្រុម​ម៉ាឡេស៊ី​ ធ្លាក់​ចុះ​៤​លេខ​មក​ដល់​១៥៥​ ដោយ​ឡែក​ឥណ្ឌូណេស៊ី​នៅ​នឹង​១៥៣។ សិង្ហបុរី​ឡើង​ពីរ​លេខ​ទៅ​១៥២​ វៀតណាម​ធ្លាក់​ចុះ​១០​លេខ​មក​ដល់​១៣៩​ និង​ហ្វីលីពីន​ឈរ​១២៨​ដដែល។
ចំណែក ​ក្រុម​ចំណាត់ថ្នាក់​​លេខ​១ កំពូល​តារាង​​នៅ​តែ​ជា​អាល្លឺម៉ង់​ ដេញ​តាម​ពី​ក្រោយ​ដោយ​លេខ​ពីរ​អាហ្សង់ទីន​  ​លេខ​៣​ហូឡង់ លេខ ៤ កូឡុំប៊ី, លេខ ៥ បែលហ្ស៊ិក, លេខ ៦ អ៊ុយរុយហ្គាយ, លេខ៧ អេស្ប៉ាញ, លេខ៧ ស្ទួន, ប្រេស៊ីល, លេខ ៩ ស្វីស និង លេខ ១០ បារាំង៕

ញាក់​សាច់ ! បើ U-21 កម្ពុជា ឈ្នះ​មួយ​ប្រកួត BIDC ឧបត្ថម្ភ ២ ពាន់​ដុល្លារ

ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) សម្រេច​ឧបត្ថម្ភ​ប្រាក់​ចំនួន ២,០០០ ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​​ប្រកួត​ណា​ដែល​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ (U21) ឈ្នះ​ នៅ​យុទ្ធនាការ​​ប្រកួត​ពាន​រង្វាន់ Hassanal Bolkiah Trophy 2014 (HBT) ដែល​រៀបចំ​នៅ​ប្រទេស​ប្រ៊ុយណេ។

ក្រុម​ជម្រើសជាតិ U-21 ឆ្នាំ​របស់​កម្ពុជា មុន​ចេញ​ទៅ​ប្រកួត
នេះ ​បើ​យោង​តាម​​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ចុះ​ថ្ងៃ​ទី ១៣ សីហា ម្សិលមិញ។ ការ​ឧបត្ថម្ភ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​ក្រុម U21 កម្ពុជា ឱ្យ​កាន់​តែ​​កក់ក្ដៅ​នៅ​លើ​ឆាក​អន្តរជាតិ។
HBT 2014 មាន​ក្រុម​ចំនួន​ ១១ មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម ដោយ​ចែក​ជា ២ ពូល ហើយ​ចាប់​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ៨ ដល់ ២៣ សីហា ឆ្នាំ ២០១៤ ខណៈ​កម្ពុជា ស្ថិត​នៅ​ពូល B ជាមួយ​ក្រុម ម្ចាស់​ផ្ទះ​ប្រ៊ុយណេ, វៀតណាម. ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី។
ក្រុម​កម្ពុជា បាន​ប្រកួត​ឈ្នះ​ពីរ​​លើក​ជាប់​គ្នា​ក្នុង​ប្រកួត​ដំបូង​ដោយ ឈ្នះ​ប្រ៊ុយណេ ១ -០ និង បន្ត​ឈ្នះ​​ក្រុម​សិង្ហបុរី ៣ -១។ ចំណែក​ប្រកួត​ចុង​ក្រោយ​ចាញ់ ម៉ាឡេស៊ី ១ ទល់ ០។ ដូច្នេះ​គិត​ត្រឹម​ពេល​នេះ​ធនាគារ BIDC ​ត្រូវ​ចំណាយ​ប្រាក់ ៤ ពាន់​ដុល្លារ​ហើយ​សម្រាប់​ត្រៀម​ឱ្យ​ក្រុម U21 កម្ពុជា។
សម្រាប់​​ប្រកួត​បន្ទាប់​ កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជម្រុះ​ក្នុង​ពូល ដោយ​ប៉ះ​ក្រុម​​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី ១៦ សីហា និង ប៉ះ​ក្រុម​វៀតណាម នៅ​ថ្ងៃ​ទី ១៨ សីហា ខាង​មុខ។ ប្រសិន​បើ​ក្រុម​កម្ពុជា​ឈរ​​ជា​ក្រុម​ខ្លាំង២ ក្នុង​តារាងពូល B នោះ​នឹង​មាន​ឱកាស​ឡើង​ទៅ​​លេង​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត៕

CR7 ​ថា​ក្លិប​នៅ​ប្រទេស​អង់គ្លេស​អាច​ប្រជែង​យក​ពាន​ Champions League ​រដូវ​កាល​នេះ

កីឡាករ​ Cristiano Ronaldo ​មាន​ក្ដី​សង្ឃឹម​ថា​ក្លិប​បាល់​ទាត់​នៅ​ប្រទេស​អង់គ្លេស​អាច​ប្រជែង​យក​ពាន ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Champions League ​បាន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អាច​ឈ្នះ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ Real Madrid នោះ​ទេ។


ម្ចាស់ ​ពាន​រង្វាន់​ FIFA Ballon d’Or 2013 ​បាន​និយាយ​នៅ​ពេល​ធ្វើ​បទសម្ភាសន៍​ថា​៖ “ក្លិប​នៅ​ប្រទេស​អង់គ្លេស​មិន​អន់​ទេ​រដូវ​កាល​នេះ។ ដូច​ដែល​យើង​ឃើញ​ហើយ​ថា​មុន​បើក​រដូវ​កាល​នេះ​ក្រុម​របស់​ពួកគេ​ទិញ​កីឡាករ​ ថ្មី​ៗ​ច្រើន​ណាស់​សុទ្ធ​តែ​កីឡាករ​ល្អ​ៗ​ពោរពេញ​ដោយ​បទពិសោធន៍​ ដូច្នេះ​យើង​នឹង​ចាំ​មើល​ថា​ពួកគេ​លេង​បាន​ល្អ​ប៉ុនណា។ ប៉ុន្តែ ​Real Madrid ​នៅ​តែ​ជា​ក្លិប​ខ្លាំង​ជាង​គេ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ក្លិប​របស់​ខ្ញុំ​ទទួល​បាន​សមាជិក​ថ្មី​​មក​ បំពេញ​ចន្លោះ​ប្រហោង​ក្លិប​មាន​ដូច​ជា​ James Rodriguez, Toni Kroos ​និង​ Keylor Navas។ នេះ​មាន​ន័យ​ថា​យើង​នឹង​រឹត​តែ​ខ្លាំង​ជាង​មុន យើង​នឹង​ព្យាយាម​ហ្វឹកហាត់​ថែម​ទៀត​ដើម្បី​អាច​លើក​ពាន​បាន​ច្រើន​រដូវ​កាល​ នេះ​”។
អតីត ​កីឡាករ​របស់​ Man Utd រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ “កាល​ប្រកួត​ជាមួយ​ក្រុម​ Sevilla ​ខ្ញុំ​ឃើញ​សមាជិក​ក្រុម​លេង​បាន​ល្អ​ខ្លាំង​ណាស់​ជា​ពិសេស​កីឡាករ​ Gareth Bale។ Bale ជា​កីឡាករ​លេង​ល្អ​ខ្លាំង​ណាស់​ គាត់​លេង​យល់​ចិត្ត​មិត្ត​រួម​ក្រុម​ជា​ពិសេស​ខ្ញុំ​តែ​ម្ដង​។ គាត់​លេង​ដឹង​តាក់ទិច​(tactic)​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​ដឹង​ពី​គាត់ ​យើង​លេង​ជា​មួយ​គ្នា​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ខ្ញុំ​ស្រលាញ់​របៀប​លេង​បែប​នេះ​ណាស់”។


ក្លិប ​នៅ​អង់គ្លេស​ដែល​បាន​លេង​ក្នុង​វគ្គ​ចែក​ពូល​ក្នុង​ពាន​ Champions League ស្វ័យ​ប្រវត្តិ​មាន​ដូច​ជា​ Machester City, Chelsea និង​ Liverpool ​ខណៈ​ក្រុម​ Arsenal ​ត្រូវ​លេង​ជម្រុះ​សិន​ជា​មួយ​​ក្លិប​ Besiktas របស់​ប្រទេស​ទួរគី​មុន​បាន​ទៅ​វគ្គ​ចែក​ពូល៕

រូបភាព​ជាង​ ២០ សន្លឹក​ពី​​​ការ​ប្រកួត​​ប្រណាំង​រថយន្ត​ និង ​ម៉ូតូ​ ឆ្លងកាត់ ថៃ – កម្ពុជា

ការ​ប្រកួត​​​ប្រណាំង​រថយន្ត​ និង ​ម៉ូតូ​ ឆ្លងកាត់​ឧបសគ្គ​ជើង​ឯក​​អាស៊ី​ឆ្នាំ​២០១៤ (Asia Cross Country Rally 2014) ដែល​រៀបចំ​តាំង​​ពី​ថ្ងៃ​ទី ៩ សីហា មក​បាន​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ​ហើយ​សំដៅ​មក​កាន់​ច្រក​ព្រំ​ដែន​អន្តរជាតិ ប៉ោយប៉ែត ​បន្ត​ចួល​ដល់​ខេត្ត​បន្ទាយមានជ័យ, សៀមរាប, បាត់ដំបង។
ការ ​ប្រកួត​នឹង​បន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ និង មក​ដល់​រាជធានី​​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៥ សីហា ស្អែក​នេះ។
Asia Cross Country Rally 2014 មាន​រថយន្ត​ចូលរួម​ប្រមាណ ៧៥ រថយន្ត និង ម៉ូតូ ១៦ គ្រឿង ដែល​មាន​ក្រុម​ការងារ​និង​កីឡាករ​​ចំនួន​ ២៩១ នាក់ មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​តាម​តំបន់​អាស៊ី​ដូចជា ជប៉ុន, ថៃ, កូរ៉េខាងត្បូង, ហុល្លង់, ស៊ុយអែត, កោះតៃវ៉ាន់ និង កម្ពុជា។ សម្រាប់​កម្ពុជា បាន​បញ្ជូន​កីឡាករ​ប្រណាំង​ម៉ូតូ​ចំនួន ៣ គ្រឿង និង រថយន្ត​មួយ​គ្រឿង។
ខាង​ក្រោម​ជា​រូបភាព​ខ្លះៗ នៃ​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​នេះ​លើ​ដង​ផ្លូវ​​ចម្ងាយ​ប្រមាណ​ជាង ២០០០ គីឡូម៉ែត្រ៖

Man Utd ប្រគល់​លេខ​១១​របស់​ Ryan Giggs ​ឱ្យ​ Januzaj ​តែ​រក្សា​លេខ​៧​និង​លេខ​៩​ឱ្យ​នៅ​ទំនេរ​ដដែល

ក្រុម​បិសាច​ក្រហម Manchester United បាន​ប្រកាស​ពី​លេខ​អាវ​របស់​កីឡាករ​ម្នាក់​ៗ​ជា​ផ្លូវការ​ហើយ​សម្រាប់​រដូវ​ កាល​២០១៤-១៥ ​Barclays Premier League។
ខ្សែ​ការពារ​ឆ្វេង​ថ្មី​ Luke Shaw ​ពាក់​លេខ​៣​ជំនួស​ Patrice Evra ​ខណៈ​ខ្សែ​ប្រយុទ្ធ​ស្លាប​ Adnan Januzaj ​ពាក់​លេខ​១១​ដ៏​ល្បីល្បាញ​របស់​ Ryan Giggs ​ហើយ​ខ្សែ​បម្រើ​កណ្ដាល​ Ander Herrera ​ពាក់​លេខ​២១។ ​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ Anderson ​ពាក់​លេខ​២៨​ជំនួស​ឱ្យ​លេខ​៨​ដែល​ត្រូវ​បាន​ក្លិប​ប្រគល់​ឱ្យ​ Juan Mata ​រីឯ​ខ្សែ​​បម្រើ​ប្រយុទ្ធ​ Nick Powell ដែល​ត្រូវ​ Wigan ខ្ចី​ជើង​រដូវ​កាល​មុន ​ពាក់​លេខ​២២។


ដោយ ​ឡែក លេខ​៧​ដ៏​ល្បីល្បាញ​របស់​ក្លិប​ដែល​ធ្លាប់​ពាក់​ដោយ​កីឡាករ​ឆ្នើម​ៗ​ដូច​ជា Eric Cantona, David Beckham, Cristiano Ronaldo ​និង​ Michael Owen ​ជា​ដើម​នោះ ត្រូវ​គេ​រក្សា​ទុក​ឱ្យ​នៅ​ទំនេរ​ដដែល ស្រប​ពេល​លេខ​៩​ដែល​នៅ​ទំនេរ​តាំង​ពី​ក្រោយ​ការ​ចាកចេញ​របស់ Dimitar Berbatov នោះ​ ក៏​មិន​ទាន់​មាន​​អ្នក​កាន់កាប់​នៅ​ឡើយ​ដែរ ដូច​គ្នា​ទៅ​នឹង​លេខ​៥​របស់ Rio Ferdinand។
ឈ្មោះ​កីឡាករ​តួនាទី​​លេខ​អាវ​
David De Geaអ្នកចាំទី​​១
Rafaelខ្សែ​ការពារ​ស្ដាំ​​២
Luke Shaw​ខ្សែ​ការពារ​ឆ្វេង​​៣
Phil Jones​ខ្សែ​ការពារ​កណ្ដាល​​៤
Jonny Evans​ខ្សែ​ការពារ​កណ្ដាល​​៦
Juan Mata​ខ្សែ​បម្រើ​ប្រយុទ្ធ​​៨​
Wayne Rooney​ខ្សែ​ប្រយុទ្ធ​​១០​
Adnan Januzaj​ខ្សែ​បម្រើ​ស្លាប​​១១
Chris Smalling​ខ្សែ​ការពារ​កណ្ដាល​​១២​
Anders Lindegaard​អ្នកចាំទី​​១៣
Chicharito​ខ្សែ​ប្រយុទ្ធ​​១៤​
Michael Carrick​ខ្សែ​បម្រើ​កណ្ដាល​​១៦​
Nani​ខ្សែ​បម្រើ​ស្លាប​​១៧​
Ashley Young​ខ្សែ​បម្រើ​ស្លាប​១៨​
Danny Welbeck​ខ្សែ​ប្រយុទ្ធ​​១៩​
Robin van Persie​ខ្សែ​ប្រយុទ្ធ​​២០​
Ander Herrera​ខ្សែ​បម្រើ​កណ្ដាល​​២១​
Nick Powell​​ខ្សែ​បម្រើ​ប្រយុទ្ធ​​២២​
Tom Cleverley​ខ្សែ​បម្រើ​កណ្ដាល​​២៣​
Darren Fletcher​ខ្សែ​បម្រើ​កណ្ដាល​២៤​
Antonio Valencia​ខ្សែ​បម្រើ​ស្លាប​​២៥​
Shinji Kagawa​ខ្សែ​បម្រើ​ប្រយុទ្ធ​​២៦​
Anderson​ខ្សែ​បម្រើ​​២៨​
Wilfried Zaha​ខ្សែ​ប្រយុទ្ធ​​២៩​
Guillermo Varela​ខ្សែ​ការពារ​ស្ដាំ​​៣០​
Marouane Fellaini​ខ្សែ​បម្រើ​​៣១​
Tom Lawrence​ខ្សែ​ប្រយុទ្ធ​​៣៤
​Jesse Lingard​ខ្សែ​បម្រើ​ប្រយុទ្ធ​​៣៥​
Marnick Vermijl​ខ្សែ​ការពារ​ស្ដាំ​​៣៦​
Michael Keane​ខ្សែ​ការពារ​​៣៨​
Ben Amos​អ្នកចាំទី​៤០​
Will Keane​ខ្សែ​ប្រយុទ្ធ​៤៨​
James Wilson​ខ្សែ​ប្រយុទ្ធ​​៤៩​
Sam Johnstone​អ្នកចាំទី​​៥០​

ប្រពន្ធ​ ​Cute សេន​ ប៊ុនថេន៖ «ប្តី​​ខ្ញុំ​មិន​ដូច​កីឡាករ​ខ្មែរ​ទៅ​​ប្រកួត​នៅ​ Thai Fight មុន​ៗ​ទេ»

កីឡាករ​កម្ពុជា​ដែល​ទៅ​ប្រកួត​នៅ​កម្មវិធី Thai Fight មុន​ៗ​សុទ្ធ​តែ​សន្លប់​​ដោយ​ឆ្លង​មិន​ផុត​​ដល់​ទឹក​ទី​៣ ប៉ុន្តែ​សម្រាប់​ សេន ប៊ុនថេន​នឹង​មិន​ដូច​កីឡាករ​ខ្មែរ​មុន​ៗ​ទេ​។ នេះ​ជា​​ការ​លើក​ឡើង​របស់​អ្នក​ស្រី ឃីម ខាន់​សោភ័ណ្ឌ​ ជា​ភរិយា​របស់ សេន ប៊ុនថេន។
អ្នក​នាង ខាន់សោភ័ណ្ឌ បាន​និយាយ​មុន​​ដំណើរ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ថា ​គាត់​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ចំពោះ​ប្តី​របស់​ខ្លួន។ បទ​ពិសោធន៍ រួម​នឹង​ស្នៀត​កែង​ដ៏​មុត​ស្រួច​ ហើយ​ស្ថិតិ​ប្រកួត​មិន​ធ្លាប់​សន្លប់​កន្លង​មក​​ជា​កត្តា​ធ្វើ​ឲ្យ​គាត់​​ ទុក​ចិត្ត​លើ​សេន​ ប៊ុនថេន​ ​ដែល​ត្រូវ​ទប់​ទល់​នឹង​ Antoine Pinto ​ចុង​សប្តាហ៍​នេះ។

ចុច​អាន៖ សេន ប៊ុនថេន​​ សម្ងំ​ហ្វឹក​ហាត់​យ៉ាង​អាថ៌បាំង​ដើម្បី​ត្រៀម​ទៅ​ Thai Fight ​ចុង​សប្តាហ៍​នេះ​
ភរិយា​ដ៏​ស្រស់​ស្អាត​រូប​ នេះ​បាន​និយាយ​​ថា៖ «អត់​បញ្ហា​ទេ​សម្រាប់​ប្ដី​ខ្ញុំ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ Thai Fight នេះ។ គាត់​និង​ខ្ញុំ​ដឹង​ថា​ Pinto ​ខ្លាំង​ ហើយ​កីឡាករ​ខ្មែរ​ដែល​ធ្លាប់​ចេញ​ទៅ​ប្រកួត​ Thai Fight មុន​ៗ​សុទ្ធ​តែ​សន្លប់​ តែ​ប្ដី​ខ្ញុំ​គាត់​វៃ​តាម​ធម្មតា​ ដោយ​មិន​កំរោល​ អីចឹង​ខ្ញុំ​គិត​ថា​គាត់​អាច​ស៊ូ​រួច​​ចប់​ចុង​ចប់​ដើម»។
អ្នក​នាង ខាន់សោភ័ណ្ឌ​បន្ត​លើក​ឡើង​ថា​ ប្ដី​របស់​គាត់​ប្រហែល​ជា​មិន​បាន​ហ្វឹក​ហាត់​នោះ​ទេ​​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​នេះ ពីព្រោះ​ជាប់​រវល់​ទៅ​ស្រុក​កំណើត​ និង​ចូល​រួម​ពិធី​សែន​ក្បាល​ទឹក។
សម្រាប់ ​លោក​ អេ ភូថង​​ក៏​ជឿ​ជាក់​សេន ប៊ុនថេន​ដែល​អាច​នឹង​ធ្វើ​បាន​ល្អ។ អតីត​អ្នក​ប្រដាល់​រូប​នេះ​បាន​និយាយ​ថា ៖ «សេន ប៊ុនថេន​ ​នឹង​ធ្វើ​បាន​ល្អ​ អ៊ើ…ថ្វី​ត្បិត​តែ​ Pinto គេ​ខ្លាំង​ តែ​ផ្លែ​គេ​អត់​មុត​ដូច​​យើង​​ទេ​ អីចឹង​ខ្ញុំ​រំពឹង​ថា​ ប៊ុនថេន​ នឹង​អាច​ធ្វើ​បាន​ល្អ»។
និយាយ​ពី​​ស្នៀត​ប្រយុទ្ធ​វិញ Pinto ​ប្រើ​ក្បាច់​​ចម្រុះ​បាន​យ៉ាង​ល្អ​ក្នុង​នោះ​ កែង កណ្តាប់​ដៃ និង​ឡើង​ជង្គង់​គឺ​ប្រើ​បាន​ល្អ​ទាំង​អស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​ទាត់​ផ្កាប់​ចាន និង​ជើង​ក្រោម​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែល​ដៃ​គូ​ងាយ​ស្រុត​ចុះ​កម្លាំង​ដោយ​ សារ​រន្ទះ​ជើង​របស់​គេ​បូក​រួម​ទាំង​កម្លាំង​ស៊ុហ្វ​ពេញ​ផង។
ចំណែក សេន ប៊ុនថេន​​ប្រើ​ស្នៀត​សម្លាប់​ដៃ​គូ​បាន​ល្អ​តែ​ម្យ៉ាង​គត់​គឺ​ទម្ងន់​ជើង​ ប៉ុន្តែ​ខ្សោយ​កែង កណ្តាប់​ដៃ និង​ជង្គង់។ ជា​រឿយ​ៗ​កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាក់​កម្លាំង​នៅ​ចុង​ទឹក​ទី​៤ និង​ទី​៥ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​មិន​ជា​បញ្ហា​ទេ ពី​ព្រោះ​ប្រកួត​ត្រឹម​តែ​៣​ទឹក។
​បច្ចុប្បន្ន​ Antoine Pinto ជា​តារា​ដ៏​ប្រជា​ប្រិយ​​ប្រចាំ​កម្មវិធី Thai Fight ​ទាំង​ការ​ប្រកួត និង​រូប​សង្ហា​ដែល​ចេញ​មុខ​តែ​ជា​មួយ​កីឡាករ​បរទេស។
កីឡាករ​រូប​នេះ​ធ្លាប់​ជួប​កីឡាករ​ថៃ​ល្បី​ដែរ​ដូច​ជា​ថ្ងៃ​ទី​២៨ ខែ​វិចិ្ឆកា ឆ្នាំ​២០១១ ចាញ់​ពិន្ទុ​ Yodsanklai ដែល​ធ្លាប់​ផ្តួល​កីឡាករ​ខ្មែរ​ កែវ រំចង់​ ក្នុង​ទឹក​ទី​២ ហើយ​ក៏​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ Iquezang ដែល​ផ្តួល​ វង្ស ណយ និង​កីឡាករ​ថៃ​ល្បី​ទៀត។ ប៉ុន្តែ​ចាប់​តាំង​ពី​ក្លាយ​ជា​តារា​ប្រចាំ​កម្មវិធី Thai Fight មក​រូប​គេ​លែង​ប្រកួត​នឹង​កីឡាករ​ថៃ​ហើយ។
គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤​កន្លង​ទៅ Pinto ធ្លាប់​ប្រកួត​បាន​១៤៨​ដង ឈ្នះ​​ជាង​១០០​ដង ប៉ុន្តែ​ក៏​ចាញ់​ច្រើន​ដែរ។ យោង​តាម​ទំព័រ wikipedia បាន​បង្ហាញ​ពី​ចំនួន​ប្រកួត​ផ្លូវ​ការ​ចំនួន​៨៣​ដង​ក្នុង​នោះ​ចាញ់​២៦​ដង ហើយ​ធ្លាប់​គ្រង​ខ្សែក្រវាត់​ និង​ពាន​រង្វាន់​ជា​ច្រើន​គ្រឿង​ចាប់​តាំង​ពី​​ឆ្នាំ​២០០៥​ដល់​២០១៤​នេះ។
ការ ​ជួប​គ្នា​រវាង​ជើង​ខ្លាំង​កម្ពុជា សេន​ ប៊ុនថេន និង​អ្នក​លេង​ឆ្លង​ទ្វីប​ Antoine Pinto ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សង្វៀន​កីឡដ្ឋាន​ Gymnasium Stadium ក្នុង​ខេត្ត​ Nakhon Sawan វេលា​ម៉ោង​៦:៣០​នាទី​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០១៤​តទៅ ហើយ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​របស់​ថៃ៕

Man Utd ត្រៀម​លុយ​ ៨០​លាន​ផោន​ទិញ​ Di Maria, Marcos Rojo និង​ Daley Blind

ក្លិប​បាល់​ទាត់​ Manchester United ​ត្រៀម​លុយ​៨០​លាន​ផោន​(១៣៤​លាន​ដុល្លារ)​បន្ថែម​ទៀត​ឲ្យ​លោក​ Louis van Gaal ​សម្រាប់​បន្ត​ទិញ​កីឡាករ​មក​ពង្រឹង​ក្រុម​ក្នុង​រដូវ​កាល​នេះ។
ក្រុម​បិសាច​ក្រហម​មាន​សង្ឃឹម​ថា​កីឡាករ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ Real Madrid, Angel Di Maria ​អាច​នឹង​មក​ Old Trafford ​ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន​(៨៤​លាន​ដុល្លារ) ​ខណៈ​​ខ្សែ​ការពារ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Marcos Rojo និង​​ខ្សែ​ការពារ​ជម្រើស​ជាតិ​ហុល្លង់​ Daley Blind ​សុទ្ធ​តែ​នៅ​ក្នុង​រ៉ាដា​របស់​លោក​ Van Gaal ដែរ។
Angel Di Maria
អនុប្រធាន ​ប្រតិបត្តិ​ក្លិប​ Man Utd ​លោក​ Ed Woodward ​បាន​ទៅ​មើល​ការប្រកួត​ផ្ទាល់​រវាង​ក្រុម​ Real Madrid និង​ Sevilla ក្នុង​ពាន​រង្វាន់ UEFA Supper Cup ​នៅ​ទីក្រុង​ Cardiff ​ប្រទេស​វេល​យប់មិញ។ ​បន្ទាប់​ពី​ការប្រកួត​ចប់​លោក​ក៏​បាន​និយាយ​ជាមួយ​​លោក​ Carlo Ancelotti ​ពី​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​ក្លិប​របស់ ​លោក​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ​។ ​អតីត​សមាជិក​ក្លិប​ Benifca វ័យ​២៦​ឆ្នាំ​​រូប​នេះ​ត្រូវ​បាន​ក្លិប​ម្ចាស់​ពាន​រង្វាន់​ International Champions Cup 2014​ ចង់​បាន​តាំង​ពី​សម័យ​លោក​ Sir Alex Ferguson និង​ Divid Moyes ​នៅ​ម៉្លេះ​ប៉ុន្តែ​តាម​ទិញ​មិន​បាន។ ​ទើប​មក​ដល់​ពេល​នេះ​តម្លៃ​ខ្លួន​៥០​លាន​ផោន​ដែល​ក្លិប​ Paris Saint German ​និយាយ​ថា​ថ្លៃ​នោះ​ក៏​អ្នក​​ចាត់​ការ​ក្រុម​បិសាច​ក្រហម​​ហ៊ាន​ឲ្យ​ដែរ​ សំខាន់​ Real Madrid លក់​ឫ​អត់។​ កីឡាករ​ដែល​​លោក Van Gaal ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ល្អ​បំផុត​ម្នាក់​​របស់​ពិភពលោក​រូប​នេះ ​មិន​បាន​ចូល​លេង​ទេ​ក្នុង​ជ័យជម្នះ​២-០​របស់​ក្រុម​ស្ដេច​ស​យប់​មិញ ដោយ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​មើល​មិត្ត​រួម​ក្រុម​ថ្មី James Rodriguez ​លេង​លើ​ទីលាន។

Marcos Rojo (លេខ​១៦)
ដោយ ​ឡែក ​កីឡាករ​ Rojo ​បដិសេធ​ហ្វឹកហាត់​ជាមួយ​ក្លិប​ Sporting Lisbon ​កាល​ពី​ម្សិលមិញ​និង​សុំ​ចាកចេញ​ពី​ក្លិប​នេះ​ ស្រប​ពេល​ដែល​ Man Utd ​កំពុង​ចង់​បាន​ស្រាប់។ ​ចំណែក​កីឡាករ​ Daley Blind ដែល​ជា​អតីត​កូន​សិស្ស​លោក Van Gaal នៅ World Cup 2014 ​វិញ ​ក្លិប​ Ajax ​បាន​ដាក់​តម្លៃ​លក់​ហើយ​គឺ​១៥​លាន​ផោន ​ប៉ុន្តែ​លោក​ Van Gaal ​មាន​អ្នក​ប្រជែង​មួយ​ទៀត​គឺ​ក្លិប​ Barcelona៕​

Daley Blind (អាវ​ខៀវ​)

អ៊ុយក្រែន​បិទ​ទ្វារ​ផ្ទះ​មិន​ឲ្យ​រុស្ស៊ី​ចូល ខ្លាច​បង្កប់​គំនិត​ឈ្លាន​ពាន​បង្ក​គ្រោះ​ធំ

ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្ស​ធម៌ ២៨០ គ្រឿង​របស់​រុស្ស៊ី ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ភាគ​ខាង​កើត​ប្រទេស​ អ៊ុយក្រែន បាន​ជាប់​គាំង​ដោយ​សារ​ប្រទេស​កំពុង​មាន​វិបត្តិ​ជាមួយ​ពួក​ឧទ្ទាម​មួយ​នេះ​ បាន​រារាំង។ អ៊ុយក្រែន​បាន​និយាយ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បេសកកម្ម​របស់​រុស្សី​នេះ​ចូល​ទៅ​ក្នុង​ដែនដី​ខ្លួន​ ទេ ដោយសារ​វា​គ្មាន​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​កាកបាទ​ក្រហម​អន្តរជាតិ ហើយ​អាច​ជា​ប្រតិបត្តិ​ការ​យោធា​សម្ងាត់​ណាមួយ។


ការ ​រាំង​ស្ទះ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​អ៊ុយក្រែន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​រុស្ស៊ី ដែល​អាច​បង្កប់​គំនិត​ឈ្លាន​ពាន​ណា​មួយ​នៅ​ក្នុង​​បេសកកម្ម​ទ្រង់​ទ្រាយ​ធំ​ នេះ។ អ៊ុយក្រែន​មាន​ការ​សង្ស័យ​ថា រុស្ស៊ី​អាច​យក​ឱកាស​នេះ ដើម្បី​បញ្ជូន​ទ័ព​ ឬ​សព្វាវុធ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​កំពុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​បំបែក​ រដ្ឋ។
ក្បួន ​រថយន្ត​ទាំង​អស់​​នឹង​ត្រូវ​បាន​បញ្ឈប់​ត្រឹម​ព្រំដែន ហើយ​ធ្វើ​ការ​ផ្ទេរ​ទៅ​កាន់​មធ្យោបាយ​ផ្សេង​ទៀត​របស់​អ៊ុយក្រែន​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចូល​ដោយ​ផ្ទាល់​ទេ។ រថយន្ត​ទាំង​នោះ មាន​ដឹក​ចំណី​អាហារ​ និង​ថ្នាំ​ពេទ្យ ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង Naro-Fomins ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ទិសដៅ​ចូល​ទៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ បេសកកម្ម​នេះ​កើត​ឡើង បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ចន្ទ អនុញ្ញាត​ឲ្យ​កាកបាទ​ក្រហម​ចូល​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ភាគ​ខាង​កើត​ អ៊ុយក្រែន ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា។ ​​​​​​​​​
មេដឹកនាំ ​ប្រទេស​មហាអំណាច​សេរី​ផ្សេង​ៗ ដូចជា​សហរដ្ឋអាមេរិក បារាំង និង​អូស្ត្រាលី​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ថា រដ្ឋាភិបាល​ទីក្រុង​មូស្គូ​អាច​នឹង​មាន​បង្កប់​គំនិត​អាក្រក់​នៅ​ក្នុង​ បេសកកម្ម​នេះ ដោយ​យក​លេស​ចូល​ជួយ​ប្រជាជន​អ៊ុយក្រែន តែ​បែរ​ជា​ទៅ​ជួយ​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​ទៅវិញ៕

មេដឹកនាំ​អាមេរិក ​គេង​ក្នុង​សណ្ឋាគារ​ដែល​ជាប់​​បញ្ជី​ខ្មៅ​​ទាំង​មិន​ដឹង​ខ្លួន

ក្នុង​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​ដែល​រៀបចំ​ឡើង​ ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ស្ថិត​ក្នុង​ប្រទេស​ភូមា ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់​ទៀត លោករដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក John Kerry ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​​ផ្កាយ​ដ៏​​​ប្រណីត​មួយ​ទាំង​មិន​ដឹង​ខ្លួន​ថា ម្ចាស់​សណ្ឋាគារ​ល្អ​ឆើត​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​នៅ​ ឡើយ។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក John Kerry (រូបថត៖ AP)

បន្ទាប់ ​ពី​ចំណាយ​ពេល​ស្នាក់​នៅ​មួយ​យប់ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រភព​ចេញ​ពី​ក្រុមហ៊ុន​បារាំង​គ្រប់គ្រង​អចលនទ្រព្យ​ Accor SA Group ប្រចាំ​ភូមា ​ឲ្យ​ដឹង​ថា ម្ចាស់​សណ្ឋាគារ​បែប​ស៊ីវិល័យ​Naypyidaw’s Lake Garden សញ្ជាតិ​ភូមា លោក Zaw Zaw មាន​ឈ្មោះ​មិន​ល្អ និង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​នៅ​ឡើយ ក្រោយ​ពី​ការ​ស៊ើបអង្កេត​ដ៏​ល្អិតល្អន់​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពាណិជ្ជករ​ប្រាក់​វាល់​លាន​រូប​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង មេដឹកនាំ​យោធា​ភូមា។
Wall Street Journal ឯ​ណេះ​វិញ​ក៏​បាន​ចេញផ្សាយ​ថា សណ្ឋាគារ​លំដាប់​ផ្កាយ Naypyidaw’s Lake Garden ដែល​លោក​ John Kerry ស្នាក់​នៅ​គ្រាន់​តែ​ជា​កូន​ជំនួញ​តូច​មួយ​ប៉ុណ្ណោះ​របស់​ពាណិជ្ជករ​Zaw។ ប្រភព​ដដែល​អះអាង​បន្ត​ថា អ្នក​បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​រូប​នេះ ជា​ឈ្មួញ​ធំ​ និង​ល្បី​ឈ្មោះ​នៅ​ភូមា។ គេ​មាន ភាគហ៊ុន និង​ជា​ម្ចាស់ លើ​ក្រុមហ៊ុន​ធំៗ មិន​តិច​ជាង ២០០​ទេ។

លោក​John Kerry ក្នុង​កិច្ច​ប្រជុំ​កំពូលអាមេរិក-​អាស៊ាន កាល​ពី​ ២០១៣

យ៉ាង ​ណាមិញ រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទម្ងន់ និង​លក្ខខណ្ឌ​ដាក់​ទោស​លើ​ពាណិជ្ជករ​គាំទ្រ​របប​ដឹកនាំ​នយោបាយ​ផ្ដាច់ការ Zaw (គាំទ្រ​លោក ថេនសេន) ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ថា​អាច​នឹង​ទទួល​ពិន័យ ​ឬ​ទោស​ទណ្ឌ​កម្រិត​ណា​នោះ​ទេ។

CR7 ស៊ុត​ចូល​២​គ្រាប់​ឲ្យ​ Real Madrid ​លើក​ពាន UEFA Super Cup

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ UEFA Super Cup ​ឆ្នាំ​២០១៤​រវាង​ក្រុម​ Real Madrid និង​ Sevilla ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-០​ ដែល​២​គ្រាប់​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ UEFA Champions League​ រក​បាន​ដោយ​កីឡាករ​ Cristiano Ronaldo។


ការប្រកួត ​ចាប់​ផ្ដើម​នៅ​ទីក្រុង​ Cardiff ប្រទេស​វេល ​ខាង​ក្រុម​ស្ដេច​ស​ Real Madrid ​មាន​ឧកាស​ច្រើន​ជាង​ខាង​ក្រុម​ម្ចាស់​ជើង​ឯក​ Europa League ​ប៉ុន្តែ ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​រហូត​ដល់​នាទី​ទី​៣០​ទើប​ខ្សែ​ប្រយុទ្ធ​ ជម្រើស​ជាតិ​ព័រទុយហ្គាល់​ស៊ុត​ចូល​បាន​មួយ​គ្រាប់​នាំ​មុខ​រហូត​ចប់​តង់​ទី ​១។ ​ចូល​ដល់​តង់​ទី​២​ក្រុម​ Real ​នៅ​តែ​បន្ត​វាយ​សម្រុក​រហូត​រក​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៥០​ដោយ​ កីឡាករ​ CR7 ​ដដែល។

កីឡាករ ​ចំណូល​ថ្មី​ James Rodriguez និង​ Toni Kroos ​មិន​អាច​រក​គ្រាប់​បាន​ទេ​ក្នុង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​លោក​ Carlo Ancelotti និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ពួកគេ​លេង​សហការ​គ្នា​បាន​ល្អ​ណាស់​ ទោះ​មិន​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់។ ​ក្រុម​យើង​នឹង​ខ្លាំង​ជាង​មុន​ហើយ​កីឡាករ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ឱកាស​រៀង​ ៗ​ខ្លួន​ក្នុង​ការ​រក​គ្រាប់​បាល់​។ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​ខាង​មុខ​យើង​នឹង​អាច​លើក​ពាន​បាន​ច្រើន”។


បូក ​បន្ថែម​ទាំង​២​គ្រាប់​យប់​មិញ ​កីឡាករ​ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ២០០៨​និង​២០១៣ ​ស៊ុត​ចូល​​ក្រុម​ Sevilla ១៨​គ្រាប់​គិត​ចាប់​តាំង​ពី​មក​ដល់​ក្រុម​ Real Madrid ​ឆ្នាំ​២០០៩៕
© Copyright 2015. Website by Way2themes